ឥសីកស្សបៈមានប្រពន្ធពីរនាក់ ឈ្មោះវីនីតា និង កាឌ្រុដែលត្រូវជាបងប្អូននឹងគ្នា។
កាឌ្រុបានសំពរពីឥសីកស្សបៈសូមឲ្យនាងមានបុត្រ ជានាគ(ពស់)រាប់រយក្បាល រីកឲឯនាងវីនីតាដែលជាបងស្រី សូមពរពីឥសីឲ្យមានកូនតែ២នាក់គត់ តែមានឫទ្ធខ្លាំងជាងកូននាងកាឌ្រុ។ នាងវីនីតាបានបុត្រ២រូបគឺ អារុណនិងគ្រុឌ(ឥន្រ្ទី) ឥសីកស្សបៈបានផ្តាំទៅប្រពន្ធទាំងពីរ ឲ្យមើលថែកូនរបស់ខ្លួនឲ្យបានល្អ ហើយក៏ចេញដំណើរទៅធ្វើតបៈបន្ត។
ក្រោយមកនាងវីនីតាប្រសូត្របានស៊ុត២ ឯនាងកាឌ្រុប្រសូត្របានស៊ុត១០០០ ស៊ុតទាំងនោះបានទុកនៅក្នុងក្រឡទឹកក្តៅនៅកន្លែងដែលមានកំដៅ។ កូនរបស់នាងកាឌ្រុបានញាស់ចេញមុនគេ ដែលប្រសូត្របាននាគសេសៈ នាគវាសុគិ និង នាគដទៃទៀត ដែលជាដូនតានាគដែលមានរហូតមកដល់សព្វថ្ងៃ។ នាងវីនីតា អន់ចិត្តដោយសារឃើញកូនខ្លួនឯងមិនទាន់ញាស់ ក៏ទៅហែកស៊ុតនោះមកមើលឃើញកូនខ្លួនមានខ្លួនតែពាក់កណ្តាល ដោយសារទង្វើរបស់នាងបែបនោះ កូនរបស់នាងបានដាក់បណ្តាសានាងឲ្យធ្វើជាទាសករនាងកាឌ្រុ រយៈពេល៥០០ឆ្នាំ រហូតដល់ស៊ុតទី២បានញាស់។ កូនទី១នោះក៏ក្លាយទៅជាយានជំនិះរបស់ព្រះសូរិយា ទើបមានឈ្មោះថាអារុណ(ពេលព្រឹក) ៥០០ឆ្នាំក្រោយមកទើបកូនទី២របស់នាងវីនិតាញាស់មានរូបរាងជាបក្សីក្បាលស ស្លាបក្រហម ក្រញាំជើងមាំហៅថាគ្រុឌ។
ថ្ងៃមួយនាងកាឌ្រុបានល្បងជាមួយនាងវីនីតា ដោយសន្យាថាអ្នកណាទាយចាញ់ ត្រូវធ្វើជាខ្ញុំបម្រើខ្លួននិងកូនរបស់ខ្លួន។ នាងកាឌ្រុសួរទៅនាងវីនីតាថា តើសេះក្បាល៥ដែលកើតពីការកូរសមុទ្រទឹកដោះ មានកន្ទុយពណ៌អ្វី នាងវីនីតាទាយថាពណ៌ស ចំណែកនាងកាឌ្រុបានឲ្យកូនៗរបស់ខ្លួនរាប់រយក្បាលទៅតោងកន្ទុយសេះ ធ្វើឲ្យមើលទៅឃើញពណ៌ខ្មៅ នាងវីនីតាចាញ់ភ្នាល់ ក៏ក្លាយជាទាសកររបស់នាងកាឌ្រុនិងកូនៗរបស់នាងរាប់រយក្បាលនោះ ដូចបណ្តាសាដែលអារុណបានដាក់មែន។
៥០០ឆ្នាំក្រោយមក នៅពេលដែលគ្រុឌចាប់កំណើត ឃើញម្តាយខ្លួនវេទនាបែបនេះ ក៏ទៅសួរពួកនាគថា តើធ្វើដូចម្តេចទើបអាចឲ្យខ្លួននិងម្តាយខ្លួនរួចផុតពីទាសភាពនេះបាន? ពួកនាគក៏ឆ្លើយថា បើអ្នកអាចយកទឹកអម្រឹតនៅឋានសួគ៌មក ទើបបានរួចផុតពីទាសភាពនេះ។
គ្រុឌមិនរុញរាហើយបានហោះទៅឋានសួគ៌ដើម្បីស្វែងរកទឹកអម្រឹត ដែលបានកើតឡើងក្រោយការកូរសមុទ្រទឹកដោះ ហើយរក្សានៅកន្លែងដែលមានការយាមល្បាតយ៉ាងម៉ត់ចត់ មានរបងដែកស្រួចៗការពារពីក្រៅ និង មាននាគពិស២ក្បាលនៅចាំយាមផ្ទាល់។ គ្រុឌបានហោះឆ្លងឧបសគ្គទាំងអស់នោះ ហើយបានទៅយកទឹកអម្រឹតបានដោយដាក់នៅក្នុងមាត់តែមិនលេប។
នៅពេលហោះត្រឡប់មកវិញ គ្រុឌបានជួបព្រះវិស្ណុ ពួកគេមិនបានប្រយុទ្ធគ្នាទេ តែបានផ្លាស់ប្តូរពរគ្នា វិស្ណុឲ្យពរទៅគ្រុឌឲ្យមានជីវិតអមតៈបើទោះបីជាមិនបានផឹកទឹកអម្រឹតក៏ដោយ ហើយគ្រុឌសន្យានឹងធ្វើជាយានជំនិះរបស់ព្រះវិស្ណុ។ បន្ទាប់មកគ្រុឌបានមកជួបព្រះឥន្ទ ហើយគ្រុឌសន្យាថានឹងយកទឹកអម្រឹតមកថ្វាយព្រះឥន្ទវិញ ក្រោយពេលដែលបានឲ្យពួកនាគឃើញហើយ ចំណែកព្រះឥន្ទឲ្យពរថារាល់សត្វនាគទាំងអស់នឹងក្លាយជាចំណីគ្រុឌ។
គ្រុឌបានយកទឹកអម្រឹតមកឲ្យពួកនាគ ហើយប្រាប់ថាត្រូវធ្វើពិធីសាសនាសិនមុននឹងផឹកទឹកអម្រឹតនេះ ក្នុងពេលនោះព្រះឥន្ទក៏បានមកយកទឹកអម្រឹតទៅវិញ ដោយកំពប់ទឹកអម្រឹតខ្លះនៅលើស្មៅ ពួកនាគបាននាំគ្នាប្រើអណ្តាតលិតរហូតអណ្តាតប្រេះជាពីរ ហើយស្បែករបស់គេក្លាយជាស្បែកអមតៈ គឺចាស់សកបាន។
ចាប់តាំងពីពេលនោះមក នាងវីនីតានិងកូនៗរបស់នាងលែងក្លាយជាទាសកររបស់ពួកនាគ ហើយគ្រុឌតែងតែចាប់សត្វនាគធ្វើជាចំណីរហូតទៅ។
ពូជគ្រុឌបានចាប់នាគស៊ីមិនចេះចប់ ថ្ងៃមួយពួកនាគបានមកនិយាយជាមួយពួកគ្រុឌវិញ ដោយថាបើអ្នកចាប់ស៊ីពួកយើងយ៉ាងនេះ ថ្ងៃណាមួយពួកយើងនឹងដាច់ពូជជាក់ជាពុំខាន ហេតុដូចនេះ យើងសំណូមពរឲ្យឈប់ចាប់ពួកយើងស៊ីទៀត ហើយយើងសន្យាថា នៅរាល់ថ្ងៃដែលគ្មានពន្លឺព្រះចន្ទ យើងនឹងស្ម័គ្រចិត្តឲ្យក្រុមយើងម្នាក់ធ្វើសំនែនជាចំណីរបស់អ្នក គ្រុឌក៏យល់ព្រម។
ទោះបីជាក្រុមនាគខ្លាចគ្រុឌយ៉ាងណាក្តី មាននាគមួយក្បាលមិនខ្លាចគ្រុឌឡើយ គឺនាគកល្យៈ នាគខ្មៅមានពិស រហូតដល់វេនរបស់ខ្លួនត្រូវទៅធ្វើជាចំណីគ្រុឌ នាគកល្យៈបានប្រយុទ្ធជាមួយគ្រុឌបើទោះបីជាប្រយុទ្ធមិនឈ្នះក៏ដោយ នៅពេលដែលប្រយុទ្ធមិនឈ្នះទើបរត់គេចខ្លួនវិញ ម្តាយនាគកល្យៈគឺនាងកាឌ្រុបានប្រាប់ទៅកូនថា កូនត្រូវទៅសំងំលាក់ខ្លួននៅទន្លេយមនាទៅ ព្រោះទីនោះគ្រុឌមិនហ៊ានទៅទេ ពីព្រោះកាលគ្រាមួយ មានឥសីមួយរូបទៅធ្វើតបៈធម៌នៅទីនោះ ចៃដន្យគ្រុឌបានហើរកាត់ទីនោះ ហើយបានចាប់ត្រីធ្វើជាចំណី នៅពេលដែលគ្រុឌចាប់បានត្រីមួយ ឥសីបានប្រាប់ទៅគ្រុឌថាឲ្យដោះលែងត្រីនោះវិញ តែគ្រុឌព្រហើនមិនដោះលែង ថែមទាំងលេបត្រីនោះចូលទៅក្នុងពោះ ហើយត្រីនោះទៀតសោតជាស្តេចត្រីនៅទន្លេយមនានេះ ទើបឥសីដាក់បណ្តាសាទៅគ្រុឌថា ថ្ងៃក្រោយមុននឹងអ្នកអាចចាប់ត្រីនៅទន្លេនេះជាចំណី គឺអ្នកនឹងត្រូវស្លាប់មុន។ បណ្តាសានេះមានតែនាងកាឌ្រុទេទើបដឹង ហើយនាងកាឌ្រុបានប្រាប់ទៅនាគកល្យៈ ទើបនាគកល្យៈបានដឹងបណ្តាសានេះដែរ ហើយក៏នាំបរិវាប្រពន្ធកូនរត់គេចខ្លួនទៅនៅទន្លេយមនា។
កាលដើមឡើយទន្លេនេះមានទឹកថ្លាស្អាត តែក្រោយពេលដែលនាគពិសខ្មៅកល្យៈបានទៅរស់នៅទីនោះ ធ្វើឲ្យទឹកទន្លេទៅជាពណ៌ខ្មៅហើយមានពិស សត្វណាក៏មិនអាចផឹកបាន សូម្បីតែបក្សីហើរកាត់ក៏មិនបាន ព្រោះត្រូវចំហាយពិសក្តៅជះទៅពេញអាកាស។
រហូតថ្ងៃមួយក្រឹស្ណាប្រលែងលេងជាមួយមិត្តភក្រ្ត ហើយជ្រុះបាល់ចូលក្នុងទឹក ក្រឹស្ណាបានហក់ចូលទៅក្នុងទឹក ហើយបានប្រយុទ្ធគ្នាជាមួយនាគកល្យៈធ្វើឲ្យនាគកល្យៈស្ទើរស្លាប់ស្ទើររស់ ពេលនោះប្រពន្ធនាគកល្យៈដែលជាអ្នកគោរពព្រះវិស្ណុយ៉ាងមុតមាំ មកបួងសួងសូមអង្វរ ឲ្យលើកលែងទោសប្តីរបស់នាង ដោយក្តីអង្វរករយ៉ាងមុតមាំនិងមានជំនឿទៀតនោះ ធ្វើឲ្យក្រឹស្ណាដែលជាអវតារបស់ព្រះវិស្ណុទន់ចិត្ត ហើយក៏លើកលែងទោសដល់នាគកល្យៈ ក្រឹស្ណាបានជាន់ក្បាលនាគកល្យៈដោយបានបន្សល់នៅស្នាមផ្កាឈូក(កងចក្រ) ដែលក្រឹស្ណាមានតាំងពីកំណើតមក នៅពេលដែលសត្វគ្រុឌឃើញស្នាមផ្កាឈូកនោះ គ្រុឌនឹងមិនធ្វើបាបនាគកល្យៈទៀតឡើយ ហើយនាគកល្យៈក៏បាននាំប្រពន្ធកូនទៅរស់នៅសមុទ្រវិញ ហើយទន្លេយមនាក៏បានក្លាយជាទន្លេគ្មានពិសវិញ។
អានអត្ថបដិរូបនៃសត្វនាគ និង សត្វគ្រុឌ
https://web.facebook.com/Nokor.Khmer.Center/photos/a.489739744378881.113548.296837103669147/1227784927241022/?type=3&theater
អានរឿងនាគថៃ គ្រុឌថៃ
https://web.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1226070640745784/?type=3&theater
អានរឿង នាគដែលមិនខ្លាចអំណាចគ្រុឌភ្លើង
https://web.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1220924597927055/?type=3&theater
អានអត្ថបទ កំណើតសត្វមករ
https://www.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1230420190310829/?type=3&theater
អានអត្ថបទ កំណើតកិត្តិមុខ/កាឡា
https://www.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1230965410256307/?type=3&theater
Fb នគរខ្មែរ៚
No comments:
Post a Comment