បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទងនឹងសាវតាដែលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស»។
ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។
បើតាមសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួង បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ៖
ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ាយមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម។
ត្រកូល អភ័យវង្ស បានគ្រប់គ្រង ខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង គ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។ គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃ។ កំផែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង។
ជនទីមួយដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ។ ខេត្តខណ្ឌនោះក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ា របស់សៀមចាប់ពីពេលនោះជាដរាបរៀងមក រហូតដល់បារាំងទាមទារយកពីសៀម វិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។
បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត។ គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំងប៉ុន្មាននៅបាត់ដំបងហើយដឹកទ្រព្យសម្បត្តិ ប្រពន្ធ និងកូនចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ។ ក្រោយមក ឈុំ ក៏ស្លាប់កំឡុងឆ្នាំ១៩២២។ ឯកសារខ្លះទៀតថា បារាំងបានយល់ព្រមផ្តល់លុយអោយ ឈុំ អភ័យវង្សចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។
បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង។
តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលសៀម ជាមួយខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិសៀម តែជាជនជាតិខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។
No comments:
Post a Comment