ខាងក្រោមនេះ គឺជាអត្ថបទដកស្រង់ដោយសង្ខេបចេញពីសៀវភៅ ប្រវត្តិសាស្រ្តប្រទេសកម្ពុជា និពន្ធដោយលោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère) បោះពុម្ពផ្សាយនៅបារីស ឆ្នាំ១៩១៤ ។
នៅសម័យដែលស្តេចវង្សវរ្ម័នអស់អំណាចពីប្រទេសកម្ពុជា ហើយតាចាយ ឬតាជ័យ ដែលជានាយក្រុមដំណាំត្រសក់ផ្អែម ត្រូវបានគេលើកអោយឡើងសោយរាជ្យលើរាជបល្ល័ង្គ(សូមចូលទៅអាន បដិវត្តន៍តាត្រសក់ផ្អែម), នៅឯប្រទេសចាម្ប៉ាឯណោះ ក៏បានបាត់បង់នូវភាពថ្កុំថ្កើងពីអតីតកាលរបស់ខ្លួនអស់ទៅហើយផងដែរ…។
កាលពីសតវត្សរ៍មុនៗ កងទ័ពចាមធ្លាប់បានធ្វើសង្រ្គាមទន្ទ្រានលុកលុយទឹកដីកម្ពុជា និងអាណ្ណាមជាច្រើនដង ប៉ុន្តែត្រូវចាញ់ជានិច្ច បណ្តាលអោយមានការដេញតាមវាយប្រហាររហូតដល់ក្នុងប្រទេស ដុតបំផ្លាញទីក្រុង និងធ្វើអោយបាត់បង់ទឹកដីជាច្រើនខេត្ត។ ជាក់ស្តែង គឺកម្ពុជាបានវាយដុតបំផ្លាញនគរចាម្ប៉ានៅឆ្នាំ៩៦៩ បន្ទាប់មកនៅឆ្នាំ ១១៤៥ និងនៅឆ្នាំ ១១៥៣ ហើយបានយកនគរចាម្ប៉ាដាក់ជាខេត្តចំណុះរបស់កម្ពុជា បានចំនួន ៨ឆ្នាំ។ កម្ពុជាបានវាយយកនគរចាម្ប៉ាម្តងទៀតនៅឆ្នាំ ១១៩០ ហើយបានដាក់អោយព្រះយុវរាជខ្មែរមួយអង្គសោយរាជ្យអស់ពេល ៣០ឆ្នាំ រហូតដល់ឆ្នាំ១២២០ គឺទាល់តែពេលខ្មែរត្រូវដកទ័ពទៅទប់ទល់ជាមួយនឹងសៀមនៅទិសខាង លិចវិញ។ ពេលនោះទើបស្តេចចាម ជ័យបរមេស្វរវរ្ម័នទី២ អុងអង្សៈរាជា ឡើងសោយរាជនៅវិជ័យ (ប៊ិញឌិញ) ដែលជារាជធានីចាម្ប៉ាខាងជើង ជំនួសព្រះយុវរាជខ្មែរ។
ចំណែកខាងអាណ្ណាមវិញ ដែលកងទ័ពចាមតែងតែលួចវាយឆ្មក់តាមមាត់សមុទ្រ ឬដណ្តើមយកខេត្តភាគខាងត្បូងជាញឹកញយនោះ បានវាយនគរចាម្ប៉ា និងដុតកំទេចរាជធានីខ្ទេចខ្ទីនៅឆ្នាំ ១០១៥ ព្រមទាំងចាប់មហាក្សត្រីយ៍ និងស្រីស្នំក្រមការយកទៅជាមួយផង។ អាណ្ណាមបានវាយនគរចាម្ប៉ាម្តងទៀតនៅឆ្នាំ ១០៦១ ព្រមទាំងចាប់បានព្រះរាជាចាម្ប៉ាជាឈ្លើយសឹក ហើយទាល់តែចាម្ប៉ាយល់ព្រមប្រគល់អោយអាណាខេត្តភាគខាងជើងចំនួនបី ជាថ្នូរ ទើបអាណ្ណាមយល់ព្រមដោះលែងព្រះរាជាមកវិញ។ បន្ទាប់មកទៀត នគរចាម្ប៉ាបានចាញ់ដៃអាណ្ណាមម្តងទៀតនៅឆ្នាំ ១២៤១ ។
នៅឆ្នាំ១២៨០ ស្តេចចាម្ប៉ា ជ័យសិង្ហវរ្ម័នទី២ បានធ្វើជាសុំចុះចូលចំណុះប្រទេសចិន ក្រោយពេលដឹងថា គូប៊ីឡៃខាន់ បានទំលាក់រាជវង្សសុង ពីរាជបល្ល័ង្គ និងដណ្តើមយកបានប្រទេសចិនទាំងមូលមកគ្រប់គ្រងរួចហើយ។ ស្តេច គូប៊ីឡៃខាន់ ក៏បានយល់ព្រមនឹងការសុំចុះចូលនេះ តែក្នុងលក្ខខណ្ឌដែលនគរចាម្ប៉ាទទួលស្គាល់អាណានិគម និងក្រុមប្រឹក្សាភិបាលមួយ បង្កើតឡើងដោយ គូប៊ីឡៃខាន់ ខ្លួនឯងផ្ទាល់។ ពួកចាម្ប៉ាបានទទួលយកអាណានិគមនេះ តែបន្ទាប់មក ពួកគេបានងើបបះបោរឡើងនៅឆ្នាំ ១២៨២ ដោយបានចាប់មន្រ្តីរបស់ព្រះចៅអធិរាជ គូប៊ីឡៃខាន់ ឃុំឃាំងទាំងអស់។ ពេលនោះព្រះចៅអធិរាជ បានបញ្ជូនកងទ័ពចិនមួយកងតាមសំពៅ មកឡើងនៅកំពង់ផែឆេនឈីង ហើយវាយដណ្តើមយកបានរាជធានីលីនយី ។ ព្រះរាជាចាម្ប៉ា និងព្រះរាជបុត្រព្រះនាម ប៉ូទី បានភៀសព្រះកាយទៅជ្រកកោនតាមព្រៃភ្នំ។ ពីជំរកលាក់ខ្លួននោះ សេ្តចចាម្ប៉ាបានចាប់ផ្តើមប្រមូលកងទ័ពជាថ្មី និងបានប្រកាសសុំចរចាជាមួយឧត្តមសេនីយ៍កងទ័ពចិន រួចហើយលួចវាយឆ្មក់ទៅលើកងទ័ពចិន រហូតដល់ទទួលបានជ័យជំនះ។ នៅពេលដែលខ្លួនចាប់ផ្តើមមានប្រៀបហើយ ស្តេចចាម្ប៉ាបានស្នើសុំទៅចិន អោយពិចារណាលើករណីខ្លួនឡើងវិញ តែចិនមិនព្រម ហើយចាប់ផ្តើមធ្វើសង្រ្គាមដើម្បីសងសឹក តែគូប៊ីឡៃខាន់ បានសុគតបាត់ទៅ ធ្វើអោយការសងសឹកនឹងនគរចាម្ប៉ាត្រូវបានបញ្ចប់ត្រឹមនេះ។
នៅឆ្នាំ ១៣០០ នគរចាម្ប៉ាបានចាប់វាយដណ្តើមយកអាណាខេត្តដែលខ្លួនបានប្រគល់អោយ អាណ្ណាមកាលពីឆ្នាំ ១០៦១ មកវិញ តែត្រូវអាណ្ណាមវាយបកអោយបរាជ័យ ហើយបង្ខំអោយប្រគល់ខេត្តអស់ចំនួន ២ ថែមទៀត ព្រមទាំងលើកបុត្រី ១អង្គ ថ្វាយស្តេចអាណ្ណាមទៀតផង។ រហូតដល់ឆ្នាំ ១៣១១ ទើបអាណ្ណាមបាននាំយកចាមម្នាក់ មកអោយសោយរាជ្យនៅនគរចាម្ប៉ា ជំនួសស្តេចដែលគេបានដកចេញពីរាជបល្ល័ង្គ។
យូរៗម្តង នគរចាម្ប៉ាបានចូលមកវាយឆ្មក់ ដុតបំផ្លាញកម្ពុជា ដែលកំពុងចុះខ្សោយ ខ្សត់ប្រជាជន និងកំពុងតែចុះអាប់អោនណាស់ទៅហើយ។ ក៏ប៉ុន្តែ រាជាណាចក្រចាម្ប៉ាខ្លួនឯង ក៏ទុរន់ទុរាខ្លាំងណាស់ដែរ នៅចាំតែពេលបាត់បង់ទៅតែប៉ុណ្ណោះ។
រវាងនគរចាម្ប៉ា និងស្រុកចិន មានកើតចំបាំងជាប់ជាប្រចាំ។ បើទោះជាគ្មានកងទ័ពចេញច្បាំងប្រឈមមុខគ្នាដោយផ្ទាល់ក្តី តែពួកគេមានអរិភាពរ៉ាំរៃរវាងគ្នា និងគ្នា បណ្តាលមកពីទំនាស់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ (សូមចូលទៅអាន ការស្ទាក់វាយប្រហារក្បួនសំពៅ ដើម្បីប្លន់យកទ្រព្យសម្បត្តិដែលស្តេចក្រុងចិន ផ្ញើថ្វាយនគរហ្វូណន ក្នុងរជ្ជកាលព្រះបាទ កោណ្ឌញ្ញៈ ដោយកងទ័ពជើងទឹកនគរចាម្ប៉ា)។
នៅក្នុងឆ្នាំ ១៣៧៧ កងទ័ពចាម្ប៉ាដែលដឹកនាំដោយស្តេច ចេបុងញ៉ា បានវាយប្រហារទៅលើទ័ពអាណ្ណាម រហូតដល់ជើងកំផែងចាបាន ជារាជធានីថ្មីរបស់អាណ្ណាម ដោយបានកាប់សំឡាប់ស្តេច ត្រាន់ឌឹកតុង និងក្រុមមន្ត្រីស្ទើរតែទាំងអស់។ ឆ្លៀតឳកាសដែលខ្លួនកំពុងមានប្រៀបនេះ កងទ័ពចាម្ប៉ាបានបន្តធ្វើការវាយលុយទៅលើតុងកឹងទៀត តែត្រូវបរាជ័យនៅកំពង់ផែដៃអាន និងធានភូ។ មួយឆ្នាំក្រោយមក គឺក្នុងឆ្នាំ ១៣៧៨ កងទ័ពអាណ្ណាម បានវាយដណ្តើមយករាជធានីចាបាន យកមកគ្រប់គ្រងវិញ ព្រមទាំងវាយបណ្តេញពួកចាមអោយខ្ទាតទៅដល់រាជធានីចាម្ប៉ា។
នៅឆ្នាំ ១៣៨៣ ក្រោយពីរៀបចំប្រទេសសាជាថ្មីឡើងវិញហើយ កងទ័ពចាម្ប៉ាបានលើកទៅវាយយក ង៉េអាន និងថាញ់វ៉ា ដើម្បីជួយគាំទ្រពួកអ្នកស្រុកដែលភាគច្រើនជាចាមកំពុងបះបោរ ប្រឆាំងនឹងអាណ្ណាម តែត្រូវកងទ័ពអាណ្ណាមវាយអោយបរាជ័យទៀត ហើយសំពៅរបស់កងទ័ពចាម្ប៉ាត្រូវបានដុតបំផ្លាញខ្ទេចខ្ទីអស់។
នៅឆ្នាំ ១៣៩០ ព្រះរាជាចាម្ប៉ា ព្រះបាទស្រីឥន្រ្ទៈ បានដឹកនាំកងទ័ពទៅធ្វើសង្រ្គាមបន្តទៀត ដោយនៅពេលនោះ បានទទួលជ័យជំនះទៅលើកងទ័ពអាណ្ណាម តែត្រូវបរាជ័យវិញនៅពេល ២ឆ្នាំក្រោយមក ហើយព្រះរាជាដែលមិនចេះនឿយហត់ក្នុងការធ្វើសង្រ្គាមអង្គនេះ បានត្រូវគ្រាប់កាំភ្លើងរបស់កងទ័ពអាណ្ណាម សុគតនៅលើសំពៅទៅ។ ចាប់ពីពេលនោះមក នគរចាម្ប៉ាត្រូវបានបាត់បង់ទាំងអ្នកដឹកនាំ ទាំងថាមពល។ ស្ថិតក្នុងសភាពគ្មានមេកោយនេះ មានឧត្តមសេនីយ៍ម្នាក់ឈ្មោះ លីខៃ បានដណ្តើមយកអំណាចនៅចាម្ប៉ា។ ចំណែកនៅឯអាណ្ណាមវិញ ក៏មានឧត្តមសេនីយ៍ម្នាក់ដណ្តើមយករាជសម្បត្តិដែរ។ ភាពច្របូកច្របល់បណ្តាលមកពីការជ្រែករាជ្យនេះ បានធ្វើអោយនគរទាំងពីរផ្អាកការធ្វើសង្រ្គាមនឹងគ្នាមួយរយៈដែរ។
សង្រ្គាមរវាងចាម្ប៉ា-អាណ្ណាម បានចាប់ផ្តើមឡើងវិញនៅឆ្នាំ ១៤០៣ ក្រោយមរណភាពរបស់ លីខៃ ក្រោមរជ្ជកាលព្រះរាជាដែលអាណ្ណាមហៅថា បាឌិចឡៃ (ចិនហៅថា ឆេនប៉ាធីឡៃ)។ ពេលនោះ គឺដល់ពេលពួកខាងអាណ្ណាម ជាអ្នកចេញវាយចាម្ប៉ា វិញម្តង។ កងទ័ពចាម្ប៉ាមិនអាចទប់ទល់នឹងកងទ័ពអាណ្ណាមបាន ក៏សុំចរចាសន្តិភាព តែត្រូវប្រគល់ដែនដីកូលុយ អោយទៅអាណ្ណាម ដែលអាណ្ណាមបានរៀបចំចេញជាខេត្តថាញ់វ៉ា (ក្វាងណាម) និងទឺងា (ក្វាងង៉ាយ)។
ពេលនោះខាងអាណ្ណាម ចាប់ផ្តើមមានគំនិតចង់បំបាត់នគរចាម្ប៉ាចោល ដោយសារតែការធ្វើសង្រ្គាមរ៉ាំរៃនឹងគ្នាអស់រយៈកាល ៦សតវត្សរ៍កន្លងមកហើយ ហើយបើទោះជាខាងចាម្ប៉ាទទួលការបរាជ័យយ៉ាងម៉េចក៏ដោយ ក៏ពួកគេនៅតែកាន់អាវុធមកប្រឆាំងវិញជានិច្ច។ ស្តេចចាម្ប៉ាបានដឹងពីគោលបំណងនេះ ក៏សុំអោយព្រះចៅអធិរាជចិនជួយធ្វើអន្តរាគមន៍។ ប៉ុន្តែខាងអាណ្ណាម មិនអើពើនឹងអន្តរាគមន៍ពីសំណាក់ប្រទេសចិនទេ ហើយបានចូលវាយប្រហារយកខេត្តចាលីយ៉ា ដែលពួកខាងចាម្ប៉ាបានដណ្តើមយកបានកាលពីប៉ុន្មានឆ្នាំមុន។ ស្តេចចាម្ប៉ា ឆេនប៉ាធីឡៃ ខឹងនឹងអធិរាជចិន ដោយសង្ស័យថា បានបោះបង់ខ្លួនចោល ក៏ទៅចងសម្ព័ន្ធមិត្តជាមួយមេបះបោរនៅតុងកឹងម្នាក់ ជាហេតុធ្វើអោយព្រះចៅអធិរាជចិន រឹតតែខឹងខ្លាំងឡើង ហើយបោះបង់ស្តេចចាម្ប៉ាចោលមែនទែនតែម្តង។ កងទ័ពអាណ្ណាមក៏តាំងវាយទន្ទ្រានយកនគរចាម្ប៉ា ដែលគ្មានកំឡាំងអ្វីនឹងទប់ទល់ លើកលែងតែរាជធានីចាបាន មួយប៉ុណ្ណោះដែលមានកំពែងការពាររឹងមាំ។ ប៉ុន្តែជាសំណាងល្អដោយសារស្ថានភាពប្រទេសនាពេលនោះក្រីក្រ ខ្លាំងពេក ពិបាករកស្បៀងផ្គត់ផ្គង់អោយកងទ័ព, ខាងអាណ្ណាមក៏ដកទ័ពថយទៅស្រុកវិញអស់ទៅ។
ប៉ុន្មានឆ្នាំក្រោយមក អាណ្ណាមបានធ្វើសង្រ្គាមជាមួយចិន ដើម្បីទាមទារយកខេត្តឡាងសឺង។ សង្រ្គាមនេះ បានអូសបន្លាយពេលរហូតដល់ទៅ ១០ឆ្នាំ។ ក្នុងរយៈពេលជាប់ដៃធ្វើសង្រ្គាមជាមួយចិននេះ ខាងនគរចាម្ប៉ាមិនឆ្លៀតឳកាសវាយដណ្តើមយកមកវិញ នូវទឹកដីដែលអាណ្ណាមបានទន្រ្ទានយកកាលពីពេលមុនទេ។ ទំរាំតែនឹកឃើញ និងបង្ហាញវត្តមានកងទ័ពនៅតាមជាយដែនអាណ្ណាមនៅឆ្នាំ ១៤៤៤ ក្រោមការដឹកនាំរបស់ស្តេចមួយអង្គ ដែលអាណ្ណាមហៅថា ប៊ីកាយ (ចិនហៅថា ម៉ាហូពេនកៃ) អ្វីៗបានហួសពេលអស់ទៅហើយ។ ខាងអាណ្ណាមនៅតុងកឹង បានរៀបចំខ្លួនឡើងវិញទាន់ពេល ហើយពួកគេក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួន។ មិនត្រឹមតែទប់ទល់ជាប់ជាមួយចាម្ប៉ាទេ អាណ្ណាមថែមទាំងបានវាយបករហូតមកដល់រាជធានីចាបាន ទៀត។ ស្តេចម៉ាហូពេនកៃ បានត្រូវចាប់ជាឈ្លើយ ជាមួយនឹងរាជវង្ស និងបរិពារ។
ជាការកត់សំគាល់ ក្នុងពេលកើតសឹកសង្រ្គាមម្តងៗ ខាងអាណ្ណាមបានប្រើយុទ្ធសាស្រ្តចាប់ក្របួចស្តេចចាម្ប៉ាជា ឈ្លើយសឹក សំរាប់ធ្វើជាថ្នូរដោះដូរយកទឹកដីរបស់ចាម្ប៉ា។ ប្រហែលជាគិតយល់បែបនេះហើយ បានជាខាងនាហ្មឺនសព្វមុខមន្រ្តីចាម្ប៉ា ក៏បានបំភ្លេចស្តេចចំណាប់ខ្មាំងនោះចោល ហើយលើករាជវង្សមួយអង្គដែលអាណ្ណាមហៅថា ម៉ាហូគ្វីឡាយ (ចិនហៅថា ម៉ាហូគ្វែយឡាយ) ត្រូវជាក្មួយស្តេចឆេនប៉ាធីឡៃ អោយឡើងសោយរាជ្យជំនួស។ គឺពេលនោះហើយ ដែលខាងអាណ្ណាមបានប្រើល្បិចបំបែកបំបាក់មួយជាន់ទៀត ដោយបានដោះលែងស្តេចម៉ាហូពេនកៃ អោយត្រឡប់ចូលនគរចាម្ប៉ាវិញ ដើម្បីអោយទៅប្រឈមមុខក្នុងការដណ្តើមអំណាចគ្នាជាមួយស្តេចថ្មី ម៉ាហូគ្វីឡាយ ។ តែក្រោយមក ស្តេចម៉ាហូគ្វីឡាយ ត្រូវបានគេលួចធ្វើគត ហើយជំនួសវិញដោយស្តេចមួយអង្គទៀត ដែលអាណ្ណាមហៅថា គ្វីដូ ។
តាមឯកសារប្រវត្តិសាស្រ្តចិន បានអោយដឹងតមកថា ស្តេចគ្វីដូ ត្រូវបានគេធ្វើគតដណ្តើមរាជ្យបន្តទៀត ដោយស្តេចមួយអង្គឈ្មោះ ម៉ូតូប៉ានឡាយវ៉េ (អាណ្ណាមហៅថា បានឡាត្រាធ្វៀត)។ តែស្តេចបានឡាត្រាធ្វៀត ដែលបានសុគតទៅនៅក្នុងឆ្នាំ ១៤៦០ នោះ មិនបានសោយរាជ្យទេ ព្រោះក្រោយពីបានធ្វើគតស្តេចគ្វីដូ រួចក៏បានដាក់រាជ្យថ្វាយទៅព្រះអនុជព្រះនាម បានឡាថាត្សួន (អាណ្ណាមហៅថា បានឡាត្រាលួន)។
ព្រះរាជាថ្មីរបស់នគរចាម្ប៉ាព្រះនាម បានឡាត្រាលូន ក៏ប្រញាប់ប្រញាល់លើកទ័ពទៅវាយយកខេត្តហ្វាចូវ ពីអាណ្ណាមភ្លាមៗផងដែរ ដែលព្រឹត្តិការណ៍បង្កសង្រ្គាមនេះ គឺជាឳកាសមាសសំរាប់អោយអាណ្ណាម មានលេសគ្រប់គ្រាន់ដើម្បីវាយយកនគរចាម្ប៉ា មកដាក់បញ្ចូលក្នុងទឹកដីរបស់ខ្លួន អោយវាចប់រឿង។
ក្នុងសង្រ្គាមផ្តាច់ព្រ័ត្រនេះ ខាងអាណ្ណាមបានបញ្ចូនទ័ពថ្មើជើង ១៦ម៉ឺននាក់ និងទ័ពជើងទឹក ១ម៉ឺនសំពៅ ដែលមានទ័ពចំណុះមិនតិចជាង ១០ម៉ឺននាក់ឡើយ។ ស្តេចបានឡាត្រាលូន ភិតភ័យក៏ប្រកាសសុំចរចាសន្តិភាព។ អាណ្ណាមក៏យល់ព្រមចរចា តែមិនឯកភាពលើសំណើរបស់ចាម្ប៉ាទេ ហើយសង្រ្គាមក៏ផ្ទុះឡើង។ កងទ័ពអាណ្ណាម បានឡោមព័ទ្ធបន្ទាយធីណាយ ភ្លាម។ ថ្ងៃបន្ទាប់ រាជធានីចាម្ប៉ាត្រូវអាណ្ណាមដណ្តើមយកបាន រួចការដុតបំផ្លាញរាជធានី និងការសំឡាប់រង្គាលក៏ចាប់ផ្តើមឡើងៈ មនុស្ស ៤ម៉ឺននាក់ត្រូវបានសំឡាប់ និង ៣ម៉ឺននាក់ទៀតត្រូវបានចាប់ជាឈ្លើយនាំយកទៅកាន់តុងកឹង។ ព្រះរាជាចាម្ប៉ា ក៏ស្ថិតក្នុងចំណោមឈ្លើយសឹកនឹងគេដែរ តែមានការថែទាំល្អជាង ថ្វីបើមិនព្រមចុះចូល និងមានចរិតកាចសាហាវយ៉ាងណាក្តី។ បន្ទាប់មក ទ្រង់ក៏បានសុគតតាមផ្លូវនៅ ង៉េអាន ហើយស្តេចអាណ្ណាម បានបញ្ជាអោយកាត់ព្រះសិរ យកមកដោតមុខក្បួនសំពៅ ដែលនៅពីលើ មានបដាមួយសរសេរអក្សរដាក់ថា៖ “ក្បាលស្តេចត្រាលូន ប្រភពនៃទុក្ខសោករបស់នគរចាម្ប៉ា” ។
ទីបំផុតទៅ សោកនាដកម្មនៃរឿងរ៉ាវរាជាណាចក្រអ្នកចំបាំង នៅខាងកើតនគរកម្ពុជា បានបញ្ចប់ទៅយ៉ាងដូច្នេះឯង។ អាណាខេត្តទាំងអស់របស់ចាម្ប៉ា លើកលែងតែផានរ៉ាង មួយចេញដែលមិនបានកាន់សាសនាមហាម៉ាត់ ត្រូវបានអាណ្ណាមដាក់បញ្ចូលជាទឹកដីខ្លួន និងមានអភិបាលខេត្តជាអាណ្ណាម នៅត្រួតត្រាពីលើ។
ដើម្បីគេចចេញពីនឹមត្រួតត្រារបស់ អាណ្ណាមនេះ អ្នកស្រុកក៏បាននាំគ្នារត់ចេញ ខ្លះទៅនៅក្នុងព្រៃភ្នំជាមួយពួកម៉យ ខ្លះឆ្លងចូលមកកម្ពុជា ខ្លះចុះទូកទៅកោះស៊ូម៉ាត្រា, នៅសល់តែស្រីៗ មនុស្សចាស់ជរា និងកុមារតែប៉ុណ្ណោះ។ តាមពិត ពួកអាណ្ណាមបានទុកមេកោយចាមជាច្រើន អោយបន្តតាំងទីលំនៅ នៅភាគខាងត្បូងរាជាណាចក្រជាមួយនឹងខ្ញុំកំដររបស់គេ គឺពួកដែលមិនដែលធ្វើសង្រ្គាមជាមួយអាណ្ណាម។ ចំណែកអ្នកស្រែចំការវិញ ពួកគេក៏នៅតែបន្តរស់នៅលើដីភូមិឋានរបស់គេដដែលជា ធម្មតា។ ពួកចាមទាំងអស់នោះ នៅតែរក្សាទំនៀមទំលាប់ប្រពៃណីរបស់ខ្លួនដដែល ហើយអាណ្ណាមបានហៅអ្នកទាំងនោះថា ហូយ ឬ វ៉េ (Huế) ។
រីឯពួកចាមណាដែលមិនព្រមរស់នៅក្រោម ការត្រួតត្រា និងសំរបសំរួលជាមួយអ្នកឈ្នះនោះ ខាងអាណ្ណាមក៏ចាប់បញ្ចូនតាមទូក-សំពៅ រួចដឹកឆ្ពោះទៅសមុទ្រខាងត្បូង ឆ្លងកាត់ច្រកសឹង្ហបុរី សំដៅទៅចំណុចខាងជើងកោះស៊ូម៉ាត្រា ជាស្រុកកំណើតដើមរបស់ពួកគេ ដែលក្រោយមក ពួកគេបានបង្កើតជាអាណាចក្រថ្មីមួយឈ្មោះថា រដ្ឋអាត់ឈីនន័រ ឬ អាចេន ឬ អាចេ (Aceh)។
ពួកចាម ដែលបានក្លាយទៅជារដ្ឋអាចេនេះ នៅតែជាប្រជាជាតិមួយដូចពីមុនដដែល គឺរំជើបរំជួល ស្វាហាប់ ក្លាហាន ចូលចិត្តច្បាំង និងធ្វើសង្រ្គាមរហូត។ ជាទឡ្ហីករណ៍ នៅសតវត្សរ៍ទី១៩ ពួកហុល្លង់បានប្រើពេលអស់ ៣០ឆ្នាំ ទំរាំនឹងបង្រ្កាបពួកអាចេនេះ ដើម្បីត្រួតត្រាធ្វើអាណានិគមបាន…៕
បញ្ជាក់៖ យើងខ្ញុំចុះផ្សាយអត្ថបទដកស្រង់នេះ គឺមិនមានបំណងឆ្កឹះកកាយប្រវត្តិសាស្រ្តចាស់ ដើម្បីធ្វើជាឆ្នួនបញ្ឆេះកំហឹងជាតិនិយម អោយស្អប់ជាតិសាសន៍ដទៃនោះទេ។ អ្វីៗដែលបានកើតឡើងចំពោះប្រទេសចាម្ប៉ាពីអតីតកាល គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលបានឆ្លុះបញ្ចាំងអោយឃើញពីសិល្បៈនៃការដឹកនាំ ក្នុងសម័យកាលនាំគ្នាធ្វើសង្រ្គាមពង្រីកទឹកដី ដែលបានផ្តល់កិត្តិយសទៅលើអ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ…។
ប្រភពអត្ថបទ៖ ស្រុកស្រែ
No comments:
Post a Comment